ព័ត៌មានប្រចាំថ្ងៃ / ព័ត៌មានជាតិ
ក្រសួងធនធានទឹក និងឧតុនិយមព្យាករថា ទឹកទន្លេមេគង្គ នៅក្នុងរដូវវស្សាឆ្នាំនេះ មានជំនន់ធំកើតឡើង



ដោយៈ ហ៊ាង ចាន់រ៉ា

ក្រសួង​ធនធានទឹក និង​ឧតុនិយមព្យាករ​ថា ទឹកទន្លេ​មេគង្គ​នៅក្នុង​រដូវវស្សា​នេះ មាន​ជំនន់​ធំ​កើតឡើង​ទៀតហើយ ដោយនៅ​ស្ថានីយ​ជលសា​ស្ដ្រ​ទន្លេបាសាក់​-​ចតុមុខ ទឹក​អាច​នឹង​ជន់​ឡើងដល់​កម្រិត​កម្ពស់ ១០,៥៥ ម៉ែត្រ គឺ​ឡើង​លើសពី​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាស​ឱ្យមាន​កា​រប្រុងប្រយ័ត្ន សម្រាប់​ទីក្រុង​ភ្នំពេញ​។ ​

​ រដ្ឋមន្ដ្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ឯកឧត្តម​ លឹម គានហោ មានប្រសាសន៍​នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១២ ​ថា ទឹកទន្លេ​មេគង្គ​នៅ​ស្ថានីយ​ទន្លេបាសាក់​-​ចតុមុខ ក្នុង​រដូវវស្សា​នេះ អាច​នឹង​ឡើងដល់​កម្រិត​កម្ពស់ ១០,៥៥ ម៉ែត្រ នៅ​ស្ថានីយ​ទន្លេបាសាក់​-​ចតុមុខ គឺជា​ជំនន់​ធំ​ទៀតហើយ នេះ​បើតាម​ការព្យាករណ៍​លើកទីមួយ​។ កាលពី​ឆ្នាំ​២០០០ ទឹកទន្លេ​មេគង្គ​មាន​ជំ​នន់​ធំ​នៅ​ភាគ​ខាងក្រោម (​ភ្នំពេញ​) តែ​នៅក្នុង​ឆ្នាំ​២០១១ ទឹកទន្លេ​មេគង្គ​មាន​ជំនន់​ធំ​នៅ​ភាគ​ខាងលើ (​ក្រចេះ ស្ទឹងត្រែង​) សម្រាប់​ឆ្នាំ​២០១២​នេះ មិនទាន់​ដឹងថា ភាគ​ខាងលើ​មាន​ជំនន់​ធំ​ទៀត ឬ​យ៉ាងណា​នោះទេ​។​ ​ ​

 ​ឯកឧត្តម ​រដ្ឋមន្ដ្រី​មានប្រសាសន៍​ទៀតថា កម្ពស់​ទឹក ១០,៥៥ ម៉ែត្រ​នេះ គឺជា​ការព្យាករណ៍​លើក​ទីមួយ ក្រសួង​កំពុងតែធ្វើការ​តាមដាន​បន្ដទៀត​។ ចំពោះ​ទឹកជំនន់​ដែល​កំពុង​កើតមាន​នៅក្នុង​ប្រទេស​ថៃ​នោះ គ្មាន​ឥទ្ធិពល​ដល់​ប្រទេស​យើង​ទេ​។ ចំណែក​ស្ថានភាព​អាកាសធាតុ​វិញ គឺមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ល្អ​តាំងពី​ដើមឆ្នាំ ហើយ​វា​កំពុងតែ​ប្រ​ព្រឹ​ត្ដទៅ​ដូច​ការ​ព្យា​រក​ណ៍​លើក​មួយ ដែល​ក្រសួង​បាន​ជូនដំណឹង​នាពេល​កន្លងមក​។​

 ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ព្យាករ​អាកាសធាតុ​សម្រាប់​ឆ្នាំ​២០១២ លើកទីមួយ កាល​ពី​ខែមីនា ថា នៅ​ទូទាំងប្រទេស​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ល្អ តាំងពីដើម​រដូវវស្សា​រហូត​ដល់​ចុងរដូវ​វស្សា និង​គ្មាន​កូន​រដូវប្រាំង​កើតឡើង​ក្នុង​រដូវវស្សា​ទេ​។ ព្យុះ​នៅក្នុង​តំបន់​ឆ្នាំនេះ អាច​កើតមាន​ពី ២២ ទៅ ២៤ ព្យុះ​។

​ ​គូរសម្លឹកថា ទឹកទន្លេ​មេគង្គ​នៅ​ស្ថានីយ​ជលសា​ស្ដ្រ​ទន្លេបាសាក់​-​ចតុមុខ ក្នុង​រដូវវស្សា​ឆ្នាំ​២០​១១ បាន​ឡើងដល់​កម្រិត​អតិបរិមា​លើក​ទី​២ កម្ពស់ ១០,៨៥ ម៉ែត្រ នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១១​។ កាលពី​ឆ្នាំ​២០០០ ទឹក​នៅ​ស្ថានីយ​ដដែល​នេះ បាន​ឡើងដល់​កម្ពស់ ១១,២០ ម៉ែត្រ នៅ​ថ្ងៃទី​២០ ខែកញ្ញា ដែលជា​កម្ពស់​ទឹក​ខ្ពស់បំផុត​៕


ទំព័រ 4 នៃ 1
  • 1
  • 1