ព័ត៌មានប្រចាំថ្ងៃ / ព័ត៌មានជាតិ
កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៦ នៅព្រឹកនេះផ្តោតលើគោលការណ៍អាទិភាព ៨ចំណុច



ដោយៈ ហ៊ាង ចាន់រ៉ា

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី​៦ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នា​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១២ នេះបានជ្រើសរើស​យក​ប្រធានបទ “​ការលើកកម្ពស់​ការឯកភាព​របស់​អាស៊ាន ដើ​ម្បី​​ស​ហគមន៍​មួយ​ដែលមាន​សុខដុម​នីយកម្ម និង​សន្តិភាព​” ដែល​ប្រធានបទ​នេះ បាន​ទទួល​​ការ​ឯក​ភាព​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែនហើយ​ប្រធានបទ​នេះ គឺ​សម្រាប់​គោរព​ទៅ​តាម​​​គោល​ការណ៍​អាទិភាព ៨ ចំណុច​។

កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន (ADMM) លើកទី៦ បាន​ចាប់​ផ្តើម​ហើយ នៅវេលា​ម៉ោង ៩ព្រឹកថ្ងៃអង្គារ ទី២៩ ឆ្នាំ២០១២ ដោយមាន​ការអញ្ជើញ​ចូល​រួមពី រដ្ឋមន្ត្រីក្រសួងការពា​រជាតិ មកពីបណ្តាប្រទេសទាំង១០ នៃសមាជិកអា ស៊ាន ដឹកនាំ​ដោយ​ឯកឧត្តម ទៀ បាញ់ ឧប​នាយករដ្ឋមន្ត្រី រដ្ឋក្រសួងការពារជាតិកម្ពុជា ។

យោងតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា នៅក្នុងកិច្ចប្រជា ADMM លើកទី៦ នេះ ធ្វើ​ឡើង​ក្នុង គោលបំណងពង្រឹងសមាគ្គីភាព និងកិច្ចសហប្រតិ បត្តិការសន្តិសុខជាក់​ស្តែងនៅ​ក្នុង​​អាស៊ាន និងរវាង អាស៊ាន ជាមួយបណ្តាប្រទេសបូក និងព្យាយាមអនុ វត្តន៍ទិសដៅចំនួន ៨ចំណុច ដែលមានដូចខាង ក្រោមៈ

១- ​បន្ត​អនុវត្ត​ទស្សនៈ​ដើម នៃ​ការបង្កើត​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន (ADMM) នៅក្នុង​គោលបំណង​ធ្វើ​ឲ្យ​សម្រេចបាន សហគមន៍​សន្តិ​សុខន​យោ​បាយ​អាស៊ាន (APSC)​។

២-​ខិតខំ​ប្រឹងប្រែង​ជាមួយ​រដ្ឋ​ជា​សមាជិក​អាស៊ាន និង​ដៃគូ​សន្ទនា ដើម្បី​ធានា​ឲ្យ​បាន​សមិទ្ធផល​ច្បាស់លាស់ នៅក្នុង​វិស័យ​សំខាន់ៗ​មួយចំនួន ដូច​បានកំណត់​នៅក្នុង​ផែនការ​បី​ឆ្នាំ របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន (២០១១-២០១៣) លើក​ទី​២​។

 ៣-​ជំរុញ​ការប្រឹងប្រែង សំដៅលើ​ការបំពេញ​តម្រូវការ នៃ​ផែនការ​សហគមន៍​សន្តិ​សុខ​នយោបាយ​អាស៊ាន​។

 ៤- ​បង្កើន​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ជាក់ស្តែង ក្រោម​ក្របខ័ណ្ឌ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ក្នុង​ស្មារតី​សាមគ្គីភាព និង​តម្លាភាព​។

៥-​សម្របសម្រួល​ដល់​កិច្ចសន្ទនា ស្តីពី​បញ្ហា​សន្តិសុខ​ការពារជាតិ និង​បញ្ហា​តំបន់​ផ្សេងទៀត ក្នុងចំណោម​សមាជិក​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង​ជា​ដៃគូ​សន្តិសុខ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង ដល់​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​។

៦-​បង្កើន​ការអនុវត្តន៍​រាល់​ឯកសារ​ទស្សនាទាន ផែនការ​ការពារ និង​របាយការណ៍​រប​ស់ប​ណ្តា​ក្រុមការងារ​ជំនាញ​។

៧-​អនុវត្ត​លទ្ធផល​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២០​។​

 ៨- ​បង្ហាញ​ពី​កិត្យានុភាព សមត្ថភាព និង​ទេពកោសល្យ របស់​កងយោធពល​ខេមរភូមិន្ទ ក្នុង​ការធានា​សុខដុមរមនា​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ ទាំង​កម្រិត​តំបន់ និង​សកល​។​ ​

សូមជម្រាបថាកិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន គឺជា​យន្តការ​ការពារ​ជាតិ​ខ្ពស់បំផុត មួយ ​នៅ​ក្នុង​អាស៊ាន​។ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ប្រចាំឆ្នាំ ជួយ​សម្រួល​ដល់​បណ្តារ​ដ្ឋ​មន្ត្រី​ការ​ពារជាតិ​អាស៊ាន ធ្វើការ​ពិភាក្សា និង​ផ្លាស់់ប្តូរ​ទស្សនៈ​ទៅលើ​បញ្ហា​សន្តិសុខ និង​ការពារជាតិ​ថ្មីៗ ហើយ​និង​បញ្ហា​ប្រឈម​មួយចំនួន ដែល​កំពុងតែ​ប្រឈមមុខ​ទៅវិញទៅមក តាមរយៈ​ការ​យោគយល់​គ្នា​នៅក្នុង​បញ្ហា​ប្រឈម​សន្តិសុខ និង​ការពារជាតិ ក៏ដូចជា​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​​តម្លាភាព និង​ភាព​បើកចំហ​៕


   កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៦ នៅព្រឹកនេះផ្តោតលើគោលការណ៍អាទិភាព ៨ចំណុច... 29-05-2012
ទំព័រ 1 នៃ 1
  • 1
  • 1