ព័ត៌មានប្រចាំថ្ងៃ / ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តី សម្រេចបង្កើតគណៈកម្មការ ចម្រុះស៊ើបអង្កេតលើករណីស្លាប់ ប្រធាន អង្គការការពារធនធានធម្មជាតិ និងសមត្ថ កិច្ចអាវុធហត្ថ



ដោយៈ ហ៊ាង ចាន់រ៉ា

 ​ក្រោយពីមាន ​ករណី​បាញ់សម្លាប់ លោក ឈុត វុទ្ធី ​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ និង​សមត្ថកិច្ច​អាវុធហត្ថ លោក អ៊ិន រតនា កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១២ នៅ​ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ដោយ​ក្រុម​ប្រដាប់អាវុធ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ ប្រមុខ​រាជ​រដ្ឋាភិបាល សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សេចក្ដីសម្រេច​បង្កើត​គណៈ​កម្ម​ការ​ចម្រុះ​ស៊ើបអង្កេត​ករណីនេះ​។

​សេចក្ដីសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ចំនួន ៧​ប្រការ មាន​ខ្លឹមសារ​ដូចខាងក្រោម : ​ ប្រការ​១ : បង្កើត​គណៈកម្មការ​ចម្រុះ​ស៊ើបអង្កេត​ករណី​ស្លាប់​ឈ្មោះ ឈុត វុទ្ធី និង​ឈ្មោះ អ៊ិន រតនា កាលពី​ថ្ងៃទី​២៦ ខែមេសា​ឆ្នាំ​២០១២ នៅ​ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ដែល​មាន​សមាសភាព​ដូចខាងក្រោម :

១. ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ ប្រធាន​នាយកដ្ឋាន​កណ្ដាល​យុត្តិធម៌ នៃ​អគ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ (​ប្រធាន​)
២. ឯកឧត្តម ​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ិន សូ​ផាន្នី មេបញ្ជាការរង និង​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​ស្រាវ​ជ្រាវ និង​យុត្តិធម៌ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស (​អនុប្រធាន​)
 ៣. ឯកឧត្តម ទិ​ត សុធា អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី (​សមាជិក​)
៤. លោក គឹម សន្ដិភាព អគ្គនាយករង អគ្គនាយកដ្ឋាន​បច្ចេក​ទេស ក្រសួងយុត្តិធម៌ (​សមា​ជិក​)
៥. លោក សោម សាបាន អនុប្រធាននាយកដ្ឋាន ទទួល​ពាក្យបណ្ដឹង និង​អង្កេត ស្រាវជ្រាវ នៃ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច (​សមាជិក​) ​

ប្រការ​២ : គណៈកម្មការ​ចម្រុះ​មាន​ភារកិច្ច ដូចតទៅ :
- ដឹកនាំ​ស៊ើបអង្កេត​ករណី​ស្លាប់​ឈ្មោះ ឈុត វុទ្ធី និង​ឈ្មោះ អ៊ិន រតនា កាលពី​ថ្ងៃ​២៦ ខែមេ​សា ​ឆ្នាំ​២០១២ នៅក្នុង​ភូមិសាស្ដ្រ ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​
 - ស្រាវជ្រាវ​រកមុខ​សញ្ញា​ដែលមាន​ការពាក់ព័ន្ធ​ក្នុងករណី​សម្លាប់​
 - ស្រាវជ្រាវ​រក​ភស្ដុតាង (​សាក្សី និង​វត្ថុតាង​) ក្នុងករណី​សម្លាប់​
-សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែនដី ស្ថាប័ន​ច្បាប់ និង​ស្ថាប័ន​ដែលមាន​ពាក់ព័ន្ធ អនុវត្ត​ច្បាប់​ដោយ​ម៉ឺងម៉ាត់​បំផុត​ចំពោះ​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស ដែលមាន​ការពាក់ព័ន្ធ​ក្នុងករណី​សម្លាប់​នេះ​
- ផ្អែកលើ​លទ្ធផល នៃ​ការស៊ើបអង្កេត​ប្រកបដោយ​ភាពយុត្តិធម៌ ត្រូវធ្វើ​របាយការណ៍ និង​ការសន្និដ្ឋាន​ឲ្យ​បានច្បាស់លាស់​ករណី​សម្លាប់​នេះ រាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​។​

​ប្រការ​៣ : គណៈកម្មការ​ចម្រុះ​នេះ អាច​ប្រើប្រាស់​មន្ត្រីក្រោមឱវាទ ដើម្បី​ជួយ​បំពេញការងារ​ខាងលើ និង​មាន​សិទ្ធិ​បង្កើត​ក្រុមការងារ​មួយចំនួន​តាម​ការចាំបាច់​។​ ​

ប្រការ​៤ : គណៈកម្មការ​ចម្រុះ​នេះ មាន​សិទ្ធិ​ប្រើប្រាស់​ត្រា​របស់​អគ្គស្នងកា​រដ្ឋា​នន​បាល​ជាតិ ក្នុងករណី​ពាក់ព័ន្ធ​ខាងលើ​។​ ​

ប្រការ​៥ : ទីតាំង​បំពេញការងារ​របស់​គ​ណៈ​កម្ម​ការ​ចម្រុះ អាស្រ័យ​លើ​ប្រធាន​គណៈកម្មការ​ជា​អ្នកសម្រេច​។​

 ​ប្រការ​៦ : អនុប្រធាន និង​សមាជិក​គណៈកម្មការ​ចម្រុះ​អាស្រ័យ​លើ​ប្រធាន​គណៈកម្មការ​ជា​អ្នកសម្រេច​។​ ​

 ប្រការ​៧ : រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ រដ្ឋមន្ត្រី រដ្ឋលេខាធិការ អភិបាលខេត្ត​ពាក់ព័ន្ធ អគ្គស្នងការ​នគរបាល​ជាតិ មេ​បញ្ជា​ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​សមាសភាព​ដូច​មានចែង​ក្នុង​ប្រការ​១ មាន​ភារកិច្ច​អនុវត្ត​សេចក្ដីសម្រេច​នេះ ឲ្យ​មាន​ប្រសិទ្ធភាព ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​តទៅ​៕


ទំព័រ 4 នៃ 2